
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន អញ្ជើញដឹកនាំសម្របសម្រួល និងដោះស្រាយវិវាទព្រំប្រទល់ដីធ្លីក្រៅប្រព័ន្ធតុលាការ ១ករណី ជូនប្រជាពលរដ្ឋដោយសន្តិវិធី
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១ករណី ដែលពាក់ព័ន្ធនឹងបញ្ហាព្រំប្រទល់ដីធ្លី ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងជំនួបសម្របសម្រួលនេះ ដោយមានការសម្រសម្រួលយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើទឡ្ហីករណ៍សមស្របពីសំណាក់លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាលទ្ធផល ភាគីទាំងសងខាងបានយល់ព្រម និងឯកភាពទទួលយកដំណោះស្រាយដោយក្តីសប្បាយរីករាយ ព្រមទាំងបានបញ្ចប់វិវាទជាមួយគ្នាតាមយន្តការអហិង្សា និងសន្តិវិធី។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួល និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ជួយកាត់បន្ថយការចំណាយពេលវេលា ថវិកា និងជាពិសេសគឺការរក្សាបាននូវកត្តិយស សាមគ្គីភាព និងភាពសុខសាន្តក្នុងសហគមន៍ផងដែរ៕











