
រដ្ឋបាលស្រុកក្រគរ ថ្លែងអំណរគុណចំពោះការចូលរួមថែរក្សាសោភ័ណភាព និងបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ក្នុងការថែរក្សានិងកែលម្អសោភ័ណភាពបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង។ សកម្មភាពដ៏មានតម្លៃនេះ មិនត្រឹមតែបង្ហាញពីស្មារតីម្ចាស់ការ និងការស្រលាញ់បរិស្ថានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ រួមមាន៖ ការលើកកម្ពស់សោភ័ណភាពជួយឱ្យបរិវេណតាមដងផ្លូវមានភាពបៃតង ស្អាត និងមានរបៀបរៀបរយគួរឱ្យចង់គយគន់, ការបង្កើតបរិស្ថានរស់នៅល្អប្រសើរកាត់បន្ថយការបំពុល និងសំណល់ផ្សេងៗ ដែលនាំឱ្យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ, ធានាសុវត្ថិភាពចរាចរណ៍ការសម្អាត និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ រដ្ឋបាលស្រុកក្រគរ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងការស្រលាញ់បរិស្ថានមួយនេះ នឹងបន្តរក្សា ក៏ដូចជាផុសផុល រីករាលដាលកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសហគមន៍យើងទាំងអស់គ្នា៕











