លោក ឆាយ គឹមម៉ុង ចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ស.ក) ស្រុកបាកាន បានអញ្ជើញចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយផ្ទាល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
គ្រួសារសពអតីតយុទ្ធជនដែលទទួលបានថវិកានាឱកាសនេះ រួមមាន៖ គ្រួសារសព លោក សាមិត្ត ទ្រី រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន, គ្រួសារសព លោកស្រី យិត ទៀងលេង រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ដោយក្នុងគ្រួសារសពនីមួយៗ ទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល។
លោក ឆាយ គឹមម៉ុង បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកអភិបាលស្រុក ក៏បានគូសបញ្ជាក់ថា ថវិកាបេឡាមរណសង្គ្រោះនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពគ្រួសារសព ឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិនាពេលកន្លងមក៕
Pursat provincial dept. of information Read More