
ក្រសួងទេសចរណ៍ បើកយុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» របស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយឱ្យអ្នកប្រកបអាជីវកម្ម និងអ្នកផ្ដល់សេវាកម្មទេសចរណ៍យល់ដឹងកាន់តែច្បាស់អំពីការចុះឈ្មោះតាមថ្នាលឌីជីថល ការទទួលបានអាហារូបករណ៍រៀនជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីលើកកម្ពស់ជីវភាពរស់នៅ។











