
នាយកវិទ្យាល័យពោធិ៍សាត់ ឧបត្ថម្ភថវិកាលើកទឹកចិត្ត ១០០ដុល្លារ ដល់សិស្សជ័យលាភីប្រឡងជាប់បាក់ឌុប និទ្ទេស A
ពោធិ៍សាត់៖ លោក ជា ឡេងឃួន នាយកវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានជ័យលាភី និទ្ទេស A សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។ នៅក្នុងឱកាសនោះ លោកនាយកវិទ្យាល័យ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១០០ដុល្លារអាមេរិក (100$) ជូនដល់សិស្សជ័យលាភី និទ្ទេស A ក្នុងម្នាក់ៗ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តចំពោះខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ នាំមកនូវកិត្តិយសជូនខ្លួនឯង គ្រួសារ និងសាលារៀន។ លោក ជា ឡេងឃួន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក ព្រមទាំងបានផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕











