
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាសមាហរណកម្ម «កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូប នៅក្រុងពោធិ៍សាត់ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសម្របសម្រួល កៀរគរ និងសមាហរណកម្មនូវគម្រោងវិនិយោគអាទិភាពនានា រវាងផែនការរបស់ឃុំ-សង្កាត់ ក្រុង-ស្រុក ជាមួយមន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ទាំងនោះឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មានប្រសាសន៍នាឱកាសនោះ លោក ពៅ ពិសិដ្ឋ បានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្នុងការតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្ត ព្រមទាំងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការជិតស្និទ្ធ ដើម្បីឱ្យការអនុវត្តគម្រោងវិនិយោគ ២០២៧-២០២៩ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕











