
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការប្រើប្រាស់ប្រព័ន្ធ SETFO 2.0
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្រូវលិខិតជូនដំណឹងនៃប្រតិបត្ដិការដែលមានកិច្ចធានា (SETFO 2.0)» ដែលបានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា SETFO 2.0 ជូនដល់ភាគីពាក់ព័ន្ធ រួមមានមន្ត្រីរាជការ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវករ ដើម្បីសម្រួលដល់ការចុះបញ្ជីកិច្ចធានា លើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងប្រសិទ្ធភាពសេវាហិរញ្ញវត្ថុក្នុងខេត្តឱ្យកាន់តែមានភាពងាយស្រួល និងទាន់សម័យ៕











