
មុនចោទកម្ពុជា សូមថៃឆ្លើយរឿងទាហាន អាវុធយុទ្ធភណ្ឌ និងយកប្រាសាទតាមាន់ធំរបស់ខ្មែរធ្វើជាលេណដ្ឋានផង
ការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាប្រើប្រាសាទព្រះវិហារជាទីតាំងយោធា មិនអាចយកមកធ្វើជាចម្លើយសម្រាប់ដោះសារលើការខូចខាតយ៉ាងធ្ងន់ធ្ងរដែលយោធាខ្លួនបានបាញ់បំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនេះ ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជាបានទេ។ កម្ពុជាបានបដិសេធនិងទាត់ចោលការអះអាងដែលគ្នានមូលដ្ឋាន និងពោរពេញដោយការប្រឌិត ដែលយករូបភាព ឬវីដេអូដែលមិនទាន់មានការផ្ទៀងផ្ទាត់ឯករាជ្យអំពីទីតាំង ពេលវេលា និងបរិបទ មកសន្និដ្ឋានថា ទីតាំងដែលថៃបានវាយប្រហារនីមួយៗ គឺជាគោលដៅយោធា។ ការឃើញអាវុធនៅក្នុងរូបភាពណាមួយ និងការបញ្ជាក់ថាទីតាំងដែលត្រូវបានបាញ់នៅពេលជាក់លាក់មួយជាគោលដៅយោធា គឺជារឿងពីរផ្សេងគ្នា។ បើថៃប្រាកដថាខ្លួនបានបាញ់តែ «គោលដៅយោធា» សូមបង្ហាញភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ សំណួរទាំងនេះមិនអាចត្រូវបានបិទបញ្ចប់ដោយវីដេអូខ្លីមួយឡើយ ជាពិសេសនៅពេលការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារត្រូវបានកត់ត្រា និងពិនិត្យនៅទីតាំងដោយបេសកកម្មរួមរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO និង ICOMOS។ របាយការណ៍បេសកកម្មនេះត្រូវបាន UNESCO ផ្សព្វផ្សាយជាផ្លូវការ ហើយបានកត់ត្រាផលប៉ះពាល់ធ្ងន់ធ្ងរលើភាពពេញលេញ។











