
ខេត្តបាត់ដំបង ទទួលបានជោគជ័យខ្ពស់ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ បេក្ខជនជាប់ជាង ៨១% ខណៈនិទ្ទេស A កើនដល់ ៩០នាក់
ខេត្តបាត់ដំបង៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ សីហា ឆ្នាំ២០២៦ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបេក្ខជនក្នុងខេត្តបាត់ដំបងប្រឡងជាប់រហូតដល់ ៨១.៣៩% ខ្ពស់ជាងអត្រាជាប់ជាមធ្យមភាគនៅទូទាំងប្រទេស។ យោងតាមទិន្នន័យផ្លូវការពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងចំណោមបេក្ខជនមកប្រឡងសរុប ៩,៣៤៣នាក់ (ស្រី ៥,៤៧៨នាក់) មានបេក្ខជនប្រឡងជាប់ចំនួន ៧,៦០៤នាក់ (ស្រី ៤,៧៤១នាក់ ត្រូវជា ៨៦.៥៥%)។ អត្រាជោគជ័យនេះ បានស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត។











