
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មាន ទទក ប៉ៃលិន៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ក្នុងគោលបំណងប្រមូលធាតុចូល និងកសាងផែនទីបែងចែកតំបន់គ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នាដោយ លោក មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក ហុង តារ៉ាវុធ តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអង្គការ MJP រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងពីរ។











